Thursday, November 3, 2016

កាហ្វេខ្មៅ ១៥០០​ រៀល

ធ្លាប់ឆ្ងល់ថា ហេតុអីខ្ញុំចូលចិត្តបែបនេះ គេចូលចិត្តបែបនោះ? កាហ្វេខ្មៅ មួយកែវនេះជារបស់ខ្ញុំចូលចិត្តផឹក តែក៏មានអ្នកខ្លះអត់ចេះផឹកទេ អាចទាំងស្អប់ផងក៏ថាបាន។
កាហ្វេមួយកែវនេះតម្លៃ ១៥០០ រៀល អ្នកខ្លះអាចនឹងគិតថាថោក ជាកន្លែងលក់កាហ្វេសំរាប់ឲ្យអ្នកក្រីក្រ ដូចជាកម្មករសំណង់ ឫអ្នករត់ម៉ូតូឌុបជាដើម។ នៅនឹងតៀមកាហ្វេមួយក្បែរសំណង់អគារដែលត្រូវបានគេផ្អាកដំណើរការសាងសង់ លោកពូចំណាស់ម្នាក់ គាត់ពិសារកាហ្វេខ្មៅមួយកែវ ជក់បារីបណ្តើរ។ ខ្ញុំអង្គុយផឹកកាហ្វេទល់មុខគាត់ តែងតែលួចមើលមុខគាត់នឹងចង់ជជែកជាមួយគាត់ និងចង់ចេញលុយថ្លៃកាហ្វេឲ្យគាត់ តែចិត្តមួយគិតថាបែបនេះជាជីវិតគាត់រាល់ថ្ងៃ។ ដឹងថាខ្ញុំចង់និយាយពីអីទេ?

ខ្ញុំឧស្សាហ៍ទៅផឹកកាហ្វេថោកៗបែបនេះ គឺតាំងពីខ្ញុំនៅរៀន រហូតដល់ខ្ញុំធ្វើការមានលុយល្មមនឹងអាចឲ្យខ្ញុំជ្រើសរើសកន្លែងផឹកបាន។ ខ្ញុំឆ្ងល់ថា ហេតុអីខ្ញុំជាប់ចិត្តនឹងកន្លែងថោកៗ? មិត្តរួមការងារ និងអ្នកនៅជុំវិញខ្លួនខ្ញុំខ្លះទៀតប្រាប់ថា ភេស្ជះបែបនោះគ្មានអនាម័យទេ ! មែន ខ្ញុំយកចិត្តតុក្ខដាក់ពីសុខភាពណាស់ ត្រូវញុំាភេស្ជះ នឹង បរិភោគអាហារណាដែលមានអនាម័យច្រើន កុំផ្អែមពេក ហើយត្រូវជ្រើសរើសរបស់មានគុណភាព មិនថាទាំងការប្រើប្រាស់ផលិតផលផ្សេងទៀតផងដែរ។ ប៉ុន្តែ ភេស្ជះទាំងនោះ នៅកន្លែងលក់កាហ្វេថោកៗ ទាំងទឹកដោះគោ អូវ៉ាន់ទីន... ប្រហែលសុទ្ឋតែមានជាតិគីមី ជួនកាលក៏ធ្វើឲ្យខ្ញុំចុកពោះឈឺអញ្ចឹងទៅ។


ទោះយ៉ាងណា​ កាហ្វេនៅកន្លែងនោះផ្តល់អារម្មណ៍ពិសេសម្យ៉ាង គឺធ្វើឲ្យខ្ញុំបានស្ថិតនៅក្នុងស្ថានភាពពិតប្រាកដមួយរបស់បងប្អូនជនរួមជាតិខ្ញុំ។ តើយល់អារម្មណ៍មួយនេះទេ? ពួកគេរស់នៅបែបនេះរាល់ថ្ងៃ បើខ្ញុំគិតថាវាមិនល្អ ខ្ញុំគួរតែរកមធ្យោបាយជួយពួកគេ តែបើខ្ញុំជួយអីគេអត់បាន ខ្ញុំសមនឹងរស់នៅដូចជាពួកគេដែរ។


ធ្វើបែបនេះទើបខ្ញុំមានអារម្មណ៍មិនសូវខុសនឹងពួកគេ៕

................................................................................

អំពីខ្ញុំ៖ ជឿន ឃ្រីសកក្កដា (ទឹកសន្សើម)
https://www.facebook.com/chriskakda 

No comments:

Post a Comment